ផ្សាយចេញ ៖ 11-May-2017 09:44 am   5 months ago

​រៀងរាល់​ការ​អង្គុយ​ចាប់ពី​២​ម៉ោង​ឡើងទៅ​គឺអាច​បង្កើន​ឱកាស​កើត​មហារីក​ស្បូន​ដល់​៣០​ភាគរយ​ខណៈ​ឱកាស​កើត​មហារីក​ពោះវៀន កើន​ដល់​៨​ភាគរយ ។ ថ្លែង​នៅក្នុង​របាយការណ៍​បោះពុម្ពផ្សាយ​ក្នុង​ព្រឹត្តិបត្រ National Cancer Institute លោក សាស្ត្រាចារ្យ Daniela Schmid មកពី​សាកលវិទ្យាល័យ University of Regensburg ប្រទេស​អាល្លឺម៉ង់​បានបញ្ជាក់​ថា មាន​មូលហេតុ​ជីវសាស្ត្រ​ជាច្រើន​ទៀត​ចំពោះ​ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ភាព​ទំនេរ​ច្រើន​និង​ជំងឺមហារីក ។​

​ការមើល​ទូរទស្សន៍​ត្រូវគេ​រកឃើញថា ជាប់​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ទៅនឹង​ការបង្កើន​ឱកាស​កើត​មហារីក​ពោះវៀន​និង​មហារីក​ស្បូន ។ នេះ​ពីព្រោះ ការមើល​ទូរទស្សន៍​ជារឿយៗ​គឺ​អម​ទៅដោយ​ការទទួល​ទាន​អាហារ​ឥតប្រយោជន៍​ចំពោះ​សុខភាព​ឬ​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​កាលពី​លើក​មុនៗ​បាន​បង្ហាញថា បុគ្គល​ដែល​មើល​ទូរទស្សន៍​៦​ម៉ោង​ក្នុង​មួយថ្ងៃ កាត់បន្ថយ​អាយុកាល​មធ្យម​អស់​៥​ឆ្នាំ ។ លោក​សាស្ត្រាចារ្យ​ទាំង​២​បាន​បន្តថា ៖«​ការចំណាយ​ពេល​នៅ​ទំនេរ​ច្រើន​បានធ្វើឱ្យ​ថយចុះ​សកម្មភាព​ប្រចាំថ្ងៃ​របស់​រាងកាយ ជាហេតុ​បណ្តាលឱ្យ​ថាមពល​ចុះខ្សោយ​ខណៈ​ព្រម​ពេល​ជាមួយគ្នា​នោះ ទម្ងន់​ខ្លួន​ក៏​កើន​ឡើងជា​លំដាប់ »​។​

​ភស្តុតាង​នៃ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​សុទ្ធតែ​បាន​បង្ហាញថា ការ​អង្គុយ​ច្រើន​ពិតជា​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ជាជាង​ផល​ល្អ ។ វា​ជា​កត្តា​ប្រឈម​ថ្មី​មួយ​ដែល​នៅ​ពីក្រោយ​មូលហេតុ​នៃ​ការស្លាប់​មុន​អាយុ​និង​ជំងឺ​ផ្សេងៗ​ដូចជា ទឹកនោមផ្អែម បេះដូង លើស​ស្ករ លើស​ខ្លាញ់ ។​

​ជា​មធ្យម​ក្នុងពេល​បច្ចុប្បន្ន មនុស្ស​ធំ​បាន​ចំណាយពេល​៩០​ភាគរយ​នៃ​ពេលវេលា​លំហែ​របស់ខ្លួន​អង្គុយ​ឬ​សម្រាក​នៅ​មួយកន្លែង ហើយ​មាន​តិចជាង​ពាក់កណ្តាល​ប៉ុណ្ណោះ​ដែល​យក​ពេលទំនេរ​របស់ខ្លួន​ទៅ​ហាត់ប្រាណ​ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ៕

ប្រភព: khmerapsaradaily