ផ្សាយចេញ ៖ 08-Jan-2017 03:19 pm   4 months ago

ពិធីបុណ្យចំរើនព្រះជន្មធំមួយ ជូនព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ហៅលោកតាស្វាស ដែលបានធ្វើកាលពីម្សិលមិញនៅសាលាមធ្យមសិល្បៈ ទទួលថវិកាបានខ្ទង់២ពាន់ដុល្លារប៉ុណ្ណោះ ខណៈការចំណាយរហូតដល់ទៅជិត១ម៉ឺនដុល្លារ។

លោក កែវ សាស្ត្រា ប្រធានក្រុមយុវជនរៀបចំកម្មវិធីខាងលើបានឲ្យដឹងថា ប្រាក់ដែលសប្បុរសជនចូលបុណ្យកាលពីល្ងាចមិញទទួលបានមិនដល់១ ពាន់ដុល្លារនោះឡើយ ហើយបើបូកសប្បុរសចូលមុនថ្ងៃរៀបចំផងនោះ បានប្រហែលត្រឹមតែខ្ទង់២ពាន់ដុល្លារប៉ុណ្ណោះ។” អត់ដឹងគិចម៉េចទេខ្ញុំលុយយប់ល្ងាចមិញបានតែ៩១០ ដុល្លារទេ បើបូកគេចូលមុនៗ សរុបទាំងអស់ ខ្ទង់២ពាន់ដុល្លារហ្នឹង ចុះបើចំណាយអស់ជិត១ម៉ឺនគិតម៉េចទៅ” លោក កែវ សស្ត្រា លើកឡើង។

លោកបានបន្តឲ្យដឹងថា ភ្ញៀវបានអញ្ជើញមកចូលរួមកាលម្សិលមិញ ច្រើនគួរសម ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីជាច្រើនរូបទៀត ជាមួយគ្នានោះក៏មានសិល្បករចាស់ៗមួយចំនួនធំផងដែរ ប៉ុន្តែថវិកាគឺទទួលបានតិចខ្លាំងណាស់ មិនគ្រប់លើការចំណាយឡើយ។ការចំណាយដែលលោក កែវ សាស្ត្រា លើកឡើងថា អស់ខ្ទង់១ម៉ឺនដុល្លារមានដូចជា៖ ទី១ ពិធីសូត្រមន្ត បូកគ្រឿង ប្រដាប់ប្រដា អស់ខ្ទង់៣ពាន់ដុល្លារ។ ទី២ ពិធីសំពះគ្រូល្ខោនខោល និង គ្រឿងប្រដាប់ប្រដា អស់ខ្ទង់៣ពាន់ដុល្លារ។ ទី៣ អាហារអស់ខ្ទង់៤ ពាន់ដុល្លារ។

កម្មវិធីបុណ្យនៅសល់ថ្ងៃនេះ១ព្រឹកទៀតដែលជាកម្មវិធីឆ្លង លោក កែវ សាស្ត្រា នៅតែទទូចឲ្យសប្បុរសជនមេត្តាជួយចូលរួម ដើម្បីជួយដល់ក្រុមខ្លួនដោះស្រាយលើការចំណាយដល់ពិធីបុណ្យខាងលើ។ព្រឹទ្ធាចារ្យល្ខោនខោល លោក យិត សារិន បច្ចុប្បន្នមានវ័យ៩២ឆ្នាំ លោកមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ ហើយកំពុងតែសម្រាកព្យាបាលនៅផ្ទះរបស់លោក មានទីតាំងជិតសាលាមធ្យមសិល្បៈ បឹងសាយ៉ាប។

លោកព្រឹទ្ធាចារ្យធ្លាប់ត្រូវបានក្រុមយុវជនដដែល នាំទៅព្យាបាលនៅឯប្រទេសថៃម្ដងផងដែរ កាលពីពេលថ្មីៗនេះ ។ ថ្លៃនៃការព្យាបាលត្រូវបានរ៉ាប់រងដោយក្រុមយុវជននេះទាំងអស់ ដោយមកទល់ពេលបច្ចុប្បន្នចំណាយថ្លៃព្យាបាលអស់ខ្ទង់ជាង៥ពាន់ដុល្លារមកហើយ។ប្រសិនបើ ពិធីបុណ្យខាងលើនៅតែមិនមានអាចរកប្រាក់គ្រប់លើការចំណាយទេ ប្រធានក្រុមរៀបចំកម្មវិធីរូបនេះនិយាយទាំងអស់សង្ឃឹមថា មានតែលក់រថយន្តដែលខ្លួនកំពុងជិះរាល់ថ្ងៃសងគេតែប៉ុណ្ណោះ ត្បិតអីពិធីនេះលោកជាអ្នកចេញមុខធ្វើ៕

 

ប្រភព: sabay