ផ្សាយចេញ ៖ 10-Jun-2017 04:37 pm   4 months ago

លោក អ៊ិត សេដ្ឋា កើត​នៅ​ឆ្នាំ ១៩៧០ មាន​ស្រុក​កំណើត​នៅ​ស្រុកមោង​ឬស្សី ​ខេត្ត​បាត់ដំបង។ លោក​ជាកូន​កសិករ មានឪពុក​ឈ្មោះ អ៊ិត ប្រង និងម្ដាយ​ឈ្មោះ យឹម សំអឿន។ លោក​សេដ្ឋា ជា​កូន​ច្បង ក្នុង​ចំណោម​បង​ប្អូន​៣​នាក់។ នៅឆ្នាំ ១៩៧៥ ក្នុង របប​ខ្មែរ​ក្រហម​ លោកនិងម្ដាយ ព្រមទាំងប្អូន​២នាក់ទៀត ត្រូវ​ជម្លៀស​ទៅ​រស់​នៅ​ក្នុង​ឃុំ​តា​លោ​ហាទិល​ ខេត្ត​ពោធិ៍សាត់។

ក្រោយមកក៏បានទៅរស់​នៅ​ក្នុង​កង​ចល័ត​កុមារ ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ទារុណ​ ទាំង​អត់​អាហារ។ គ្រា​នោះដោយ​សារ​អត់​ឃ្លាន កង្វះ​ជីវជាតិ លោក​មាន​ជំងឺ​ហើម​ពេញ​ខ្លួន​តែ​ម្ដង។ មកដល់ឆ្នាំ១៩៨០ វ័យកុមារលោកបានដើរអូសទឹក លក់ការ៉េម ជាដើមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ឆ្នាំ ១៩៨៦ ក៏បានបញ្ចប់ថ្នាក់ឌីប្លូម ហើយភៀសខ្លួននៅជំរំខាវ​អ៊ីដាង​ជាយដែន​ខ្មែរ-ថៃ។ នៅជំរុំ លោក អ៊ិត សេដ្ឋា នៅ​តែ​បន្ត​ការ​សិក្សា និងឆ្លៀត​ធ្វើ​ការ​បណ្ដើរ​ក្នុង​អង្គការ ICRC ក្នុង​នាម​ជា​គ្រូ​អក្ខរកម្ម បង្រៀន​ចាស់​ៗ​មិន​ចេះ​អក្សរ។ ឆ្នាំ ១៩៩០ ក៏​បាន​ទៅ​សិក្សា​បន្ត​ជំនាញ​ថត​វីដេអូ​នៅ​ប្រទេស​ថៃ​ ក្រោយ​មកក៏​បាន​ចូល​ធ្វើ​ការ​នៅ​ទូរទស្សន៍​ក្នុង​ស្រុក​។ បន្ត​មក​ទៀត​ក៏​បាន​កាន់​កម្មវិធី​កម្សាន្តជាមួយ​អ្នក​នាង យុគ ចិន្តា ដែលមាន​ឈ្មោះ​ថា “កម្មវិធី​កម្សាន្ត​មហា​សប្បាយ”។

លោក អ៊ិត សេដ្ឋា បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ស សុភាព ​នៅ​ឆ្នាំ​១៩៩៩​។ ​១៣​ឆ្នាំ​ក្រោយ​ពី​បង្កើត​បាន​កូន​ប្រុស​ស្រី​៣នាក់ ក៏​មាន​ដំណឹង​ថា ភរិយា​របស់​លោកបាន​ដាក់​ពាក្យ​ប្ដឹង​សុំ​លែងលះ ដោយ​មូលហេតុ​មិន​ត្រូវ​បាន​បញ្ចេញ ហើយ​តាមការ​សម្រេច​របស់​តុលាការ លោកក៏បាន​យក​កូន​ប្រុស កូន​ស្រី​ទាំង​៣​មក​នៅជាមួយ​ផងដែរ។​ មកដលឆ្នាំ២០១៧ លោក អ៊ិត សេដ្ឋា ក៏បានស្លាប់ដោយសារជំងឺកាលពីថ្ងៃទី៤ខែមិថុនា វេលាម៉ោង២ និង៣០នាទីរសៀល៕

ប្រភព: topnews168