ផ្សាយចេញ ៖ 12-Jun-2017 05:01 am   4 months ago


ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៧ ​បុរសម្នាក់កំពុងជិះម៉ូតូ ហើយត្រូវបានរថយន្តហាយឡែនឌ័រ បើក​បុកពីក្រោយ​យ៉ាង​ពេញ​ទំហឹង បណ្ដាលឲ្យដួលបោក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រួមទាំងខ្ទាតទៅប៉ះស្ត្រីម្នាក់ទៀត ដែលជិះក្បែរគ្នា បណ្ដាលឲ្យដួលរងរបួសស្រាល ដែលទីតាំងកើតហេតុ គឺនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ហង់ វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិជ្រោះស្នា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលជិះម៉ូតូម៉ាក ស្កុពី ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខ ភ្នំពេញ1CH-9856 ។ ចំណែក​ស្ត្រីរងគ្រោះ របួសស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែប្រាប់​ថា ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសម្ដីស្ត្រីរងគ្រោះរបួសស្រាលខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់​និងបុរស​រងគ្រោះ​ដែលស្លាប់បាត់បង់ជីវិត បានចេញពីញុំាអីនៅម្ដុំបឹងត្របែក ហើយជិះម៉ូតូស្កុបពីម្នាក់មួយគ្រឿង ដោយបាន​ធ្វើ​ដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើ ទិសដៅពីជើងទៅត្បួងក្នុង​បំណងទៅផ្ទះស្ត្រីរងគ្រោះ ​នៅចាក់អង្រែ​ក្រោម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2V-0997 បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយមកបុកម៉ូតូបុរសរងគ្រោះ​ខាងលើ​ដែលជិះក្បែរ បណ្ដាលឲ្យដួលអូសជិត១០ម៉ែត្របោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម៉ូតូ​ដួលអូសជាង២០ម៉ែត្រ រងការខូចខាតខាងក្រោយទាំងស្រ៊ុងតែម្ដង ក្នុងនោះដែរ ម៉ូតូបុរសរងគ្រោះក៏បាន​ខ្ទាត​ប៉ះ​ស្ត្រីរងគ្រោះខាងលើ បណ្ដាលឲ្យដួលរងរបួសស្រាលថែមទៀត ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមចុះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរ​កន្លែង​កើតហេតុ បានជួយចាប់រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌមានជ័យភ្លាមៗតែម្ដង ។ បន្ទាប់មកសមត្ថកិច្ច​ទទួលផ្នែកចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូបុរស​រងគ្រោះ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។

ដោយឡែកសពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត៕

ប្រភព  ៖ ​ jongruk