ផ្សាយចេញ ៖ 13-Jun-2017 03:25 am   4 months ago

ភ្នំពេញ៖អភិបាល រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានធ្វើការ អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ កុំខ្វល់ខ្វាយជាមួយ នឹងរឿងនយោបាយ ដោយត្រូវខិតខំប្រឹង ប្រែងប្រកបរបរ រកស៊ីទទួលទាន និងបំពេញការងារ ជាធម្មតាឡើងវិញ ក្រោយពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ បានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។

លោកប៉ា សុជាតិវង្ស បានអំពាវនាវបែបនេះ ក្នុងឱកាសដែល លោកបានអញ្ជើញ ជាអធិបតីភាពក្នុ ងកម្មវិធីអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនា ដោយមានការបំបួស កុលបុត្រកុលធីតាចំនួន៥០០អង្គនាក់ ឆ្នាំទី៩ រយៈពេលមួយសប្តាហ៍ នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១១ ខែមិថុនានេះ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការបោះឆ្នោតបានរួចរាល់ហើយ ឯលទ្ធផលបណ្តោះអាសន្ន ក៏បានដឹងជាបណ្តើរៗហើយដែរ គឺប្រជាពលរដ្ឋបានជ្រើស រើសយកគណបក្ស នយោបាយតែ២ប៉ុណ្ណោះ ក្នុងចំណោមគណបក្ស នយោបាយទាំង៦ ដែលបានឈរ ឈ្មោះបោះឆ្នោត នៅរាជធានីភ្នំពេញនោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

លោកបានអំពាវនាវ យ៉ាងដូច្នេះថា “សូមឲ្យបងប្អូន ប្រជាពលរដ្ឋយើង អហោសិកម្ម រាល់បញ្ហានានា ដែលបានកើតឡើងកន្លងមក ហើយខិតខំប្រឹងប្រែង ប្រកបរបរទទួលទាន និងបំពេញការងារ ជាធម្មតាឡើងវិញ ពង្រឹងសាមគ្គីភាពក្នុងមូលដ្ឋាន ទោះមកពីគណបក្ស ណាក៏ដោយ និងកុំជ្រួលទៅ តាមអ្នកនយោបាយ ទៅលើការលាបពណ៌ គុំគួន ញុះញ៉ុងបង្កការបែកបាក់ ក្នុងភូមិសង្កាត់របស់យើង។ យើងបានបំពេញកាតព្វកិច្ច និងប្រើសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើស ថ្នាក់ដឹកនាំមូលដ្ឋាន ចប់សព្វគ្រប់រួចហើយ ការងារបន្តជាភារកិច្ចរបស់ គ.ជ.ប”។

ចំពោះអាជ្ញាធរវិញ ក៏ត្រូវបន្តការងារ របស់ខ្លួនជាប្រក្រតី លើការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងជំរុញការអភិវឌ្ឍន៍ ដោយមិនរង់ចាំ ពេលវេលាណា មួយនោះឡើយ៕SR

ប្រភព:: srpostnews