ផ្សាយចេញ ៖ 13-Jun-2017 03:27 am   4 months ago

(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ស្រស់សោភា ប្រចាំផលិតកម្មហង្សមាស និងជាអ្នកសិល្បៈចម្រៀងបុរាណម្នាក់ កញ្ញា ផន ស្រីខួច កាលពីពេលថ្មីៗនេះ ត្រូវបានគេទម្លាយថា នាងទើបតែទទួលបានតំណែង ជាមន្រ្តីរាជម្នាក់ជាន់ខ្ពស់ បម្រើការងារនៅក្នុងក្រសួងព័ត៌មាន ដែលជាដំណឹងល្អមួយសម្រាប់រូបនាង ក្នុងនាមជាតារាចម្រៀង ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំមកហើយ។

កញ្ញា ផន ស្រីខួច បានរៀនសូត្រត្រឹមត្រូវ និងចេញពីសាលាវិចិត្រសិល្បៈ ផ្នែកចម្រៀងបុរាណ ខណៈដែលបច្ចុប្បន្ននេះ អ្នកសិល្បៈដែលមានក្បូនខ្នាតបែបនេះ មិនសូវមានច្រើនឡើយ។ អ្នកខ្លះចេះនិពន្ធបទចម្រៀង ហើយផុសតាមបណ្ដាញសង្គម ក៏ក្លាយជាតារាចម្រៀងបានដែរ ទើបធ្វើឲ្យគុណភាព នៃអ្នកសិល្បៈមួយចំនួនបានធ្លាក់ចុះ។ ថ្មីៗនេះ មហាជនបានភ្ញាក់ផ្អើលខ្លាំង ក្រោយពេលដឹងថា កញ្ញា ផន ស្រីខួច បានក្លាយជាមន្ត្រីប្រចាំក្រសួងព័ត៌មាន។

កញ្ញា ផន ស្រីខួច បាននិយាយ ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ថ្ងៃនេះក្មួយពិតជាមានកត្តិយសណាស់ ដោយបានជួបសំណេះសំណាលផ្ទាល់ ជាមួយ លោកពូ ក្នុងនាមជាមន្ត្រី ក្របខ័ណ្ឌថ្មីសិល្បៈបុរាណ សិល្បៈសម័យ របស់ក្រសួងព័ត៌មាន ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ អរគុណលោកពូ សម្រាប់ ការណែនាំ និងរាប់អានក្មួយ សូមជូនពរលោកពូ សុខភាពល្អ.!»។

ប្រភពដ៏ជិតដិត នឹងកញ្ញា ផន ស្រីខួច បាននិយាយថា ផន ស្រីខួចនឹងបម្រើការ នៅវិទ្យុជាតិ ដែលជាផ្នែកមួយរបស់ក្រសួងព័ត៌មាន ហើយនឹងចូលធ្វើការបាន ដោយសារសមត្ថភាព មិនបានប្រើប្រាស់ ខ្សែបណ្ដាញណាមួយឡើយ។ អ្វីដែលសំខាន់នាងពេញចិត្ត ក្នុងការបំរើរដ្ឋដោយសោ្មះត្រង់ មិនបានគេងចំណេញ យកប្រជាប្រិយភាពឡើយ។

សូមបញ្ជាក់ថា កញ្ញា ផន ស្រីខួច ប្រឡូកសិល្បៈជិត១០ឆ្នាំមកហើយ អ្វីដែលសំខាន់បទចម្រៀង «ជីវិតអ្នកម្ដាយ» បានធ្វើឲ្យនាងមានថ្ងៃនេះ ថ្វីត្បិតតែប្រជាប្រិយភាពនាង នាពេលបច្ចុប្បន្ន មិនលោតខ្ពស់ តែគេសង្កេតឃើញមានកាងារធ្វើ ហូរហែក្នុងសិល្បៈ។ ពិសេសនាងតែងតែលេចមុខក្នុងកម្មវិធី អ្នកមានជាន់ខ្ពស់ជាច្រើន ហើយមើលទៅដូចស្ងប់ស្ងាត់ ខណៈប្រាក់ចំណូលនាងមិនធ្លាក់ចុះឡើយ ពោលនាងអាចរកបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ៕


ប្រភព៖http://khmersocial.info