ផ្សាយចេញ ៖ 14-Jun-2017 05:08 am   3 months ago

BREAKING NEWS: សម្តេចក្រឡាហោម ស ខេង សម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋព្រោះរឿងចរាចរណ៍
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ហើយ។ ការប្រកាសដកតំណែង និងដកស័ក្តិមន្រ្តីនគរបាលរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងមហាជនសម្តែងការសាទរជាខ្លាំង។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា ដោយយោងតាមការស្នើរបស់នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុតទៅលើមន្រ្តីនគរបាល លឹម ចំណាន ដើម្បីជាការព្រមាន និងដាក់ទណ្ឌកម្មចំពោះទោសកំហុសដ៏ធ្ងន់ធ្ងររបស់មន្រ្តីនគរបាលរូបនេះ។
បើតាមលោក អ៊ាវ ចំរើន ទណ្ឌកម្មដែលដាក់លើលោក លឹម ចំណាន នេះរួមមាន៖ ព្រមានជាលាយលក្ខណ៍អក្សរមិនឲ្យមានលើកទី២, បន្ថយឋានន្តរសក្តិ ពីវរៈសេនីយ៍ទោមកវរៈសេនីយ៍ត្រី និងដកតំណែងពីអនុការិយាល័យមកជាមន្ត្រីនគរបាលធម្មតា។

សូមជំរាបបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី លោក លឹម ចំណាន បានបើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១។ លុះមានបើកជិតដល់បុរីប៉េងហួតបឹងស្នោរ ក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តមួយគ្រឿងទៀត បានបើករថយន្តជែងខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀត ប៉ះកញ្ចក់ ហើយមិនព្រមឈប់ដោះស្រាយនោះឡើយ បែរជាបង្អង់ល្បឿនរថយន្តបើកញ្ចក់បាញ់មួយគ្រាប់គំរាម ម្ចាស់រថយន្តដែលប៉ះគ្នានោះ ហើយបើកគេចខ្លួនតែម្តង៕Fresh News