ផ្សាយចេញ ៖ 03-Jul-2017 03:56 am   3 months ago

ប៉ុន្មានសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋខ្មែរ ពិសេសក្នុងចំណោមយុវជនក្មេងៗបាននឹងកំពុងតែផ្អើលតាមគ្នា និយាយឃ្លាថា “មកពីមិនយល់សម្ព័ន្ធៗ”។ ឃា្លថា “មកពីមិនយល់សម្ព័ន្ធ” នេះ មានប្រភពចេញមកពីសកម្មជនគណបក្សនយោបាយមួយ ដែលបានឡើងធ្វើចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការយល់ឃើញនិងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបក្ស ប្រធានបក្ស និងគោលនយោបាយបក្ស។ សកម្មជនទាំងនោះ បន្ទាប់ពីឡើងធ្វើចំណាប់អារម្មណ៍ សម្លេងនិងវិដេអូរបស់គេដែលថតដោយក្រុមការងារទទួលខុសត្រូវប្រព័ន្ធផ្សព្វផ្សាយរបស់បក្ស ត្រូវបានគេយកទៅចាក់ផ្សាយនិងបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់បក្សជាហូរហែ។ វិដេអូនិងអត្ថន័យដែលសកម្មជនបានលើកឡើងនៅក្នុងវេទិការបស់បក្សនោះ ត្រូវបានសមាជិកគាំទ្របក្ស និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ចែកចាយបន្ត និងបញ្ចេញមតិយោបល់ដែលមានខ្លឹមសារស្ទើរគ្រប់រសជាតិតាមមនោគតិរៀងៗខ្លួន។ អ្នកខ្លះសើចហួសចិត្ត អ្នកខ្លះជេរ អ្នកខ្លះសរសើរ អ្នកខ្លះគាំទ្រ ចំណែកឯអ្នកខ្លះទៀតគឺអត់មានអ្វីនិយាយតែម្តង ព្រោះវាពិបាកនឹងទទួលយកសម្រាប់ត្រចៀកពួកគេ ទោះបីជាអ្វីដែលសកម្មជនបក្សនោះលើកឡើងក្នុងន័យឬបរិបទណាមួយក៏ដោយចុះ។

ចំណុចដែលធ្វើឱ្យនាយជ្រឹមនៃសារព័ត៌មានទីក្រុងប៉ុស្តិ៍ចាប់អារម្មណ៍នោះគឺត្រង់ ឃ្លាថា “មកពីមិនយល់សម្ព័ន្ធ” ដែលនិយាយដោយសកម្មជនបក្សជួង ឬអ្នកខ្លះហៅថាបក្សកណ្តឹង ត្រូវបានផេកហ្វេសប៊ុកត្រូលមួយចំនួនយកទៅត្រូល បញ្ជូលសម្លេង សម្តែងត្រាប់តាម និងយកទៅចែកចាយបន្តរាប់ពាន់ដង ហើយថែមទាំងទទួលបានការគាំទ្រជាច្រើនតាមរយៈខ្លឹមសារដែលធ្វើឱ្យប្រិយមិត្តរបស់ពួកគេស្តាប់ទៅហួសចិត្តនិងគួរឱ្យចង់សើច តាមរយៈការលើកយកទស្សនៈមួយចំនួនរបស់សកម្មជនគណបក្សនោះបានលើកឡើង ដូចជាទស្សនៈថា មកពីប្រពន្ធមិនយល់សម្ព័ន្ធទើបលែងចោល មកពីមិនយល់សម្ព័ន្ធទើបចាកចោលផ្ទះសំបែង មកពីមិនយល់សម្ព័ន្ធទើបពិបាករស់នៅជាមួយគេឯង មកពីមិនយល់សម្ព័ន្ធទើបចង់ស្នើសុំកោះមួយទៅរស់នៅតែក្រុមរបស់ខ្លួន ឬការដែលម៉ែសុំលុយទៅធ្វើបុណ្យបែរជាថាបំផ្លាញ… ជាដើម។
អ្នកដែលនិយាយឃ្លា “មកពីមិនយល់សម្ព័ន្ធ” ដែលមានទស្សនៈឬបានធ្វើរឿងរ៉ាវដូចបានជម្រាបខាងលើ បើតាមការសង្តេតនឹងឈ្វេងយល់របស់នាយជ្រឹមនៃសារព័ត៌មានទីក្រុងប៉ុស្តិ៍ ស្តាប់ទៅហាក់ទំនងថាបុគ្គលនោះឆោតមែនទែន ដល់ថ្នាក់សម្តែងទង្វើនិងមតិដើម្បីតែគោរពតាមមនោគមរបស់បក្ស ឬក្រុមខ្លួន ឬមេបក្សខ្លួន និងការយល់ឃើញរបស់ខ្លួន ដោយប្រហែលជាមិនបានបែងចែកឱ្យបានច្បាស់លាស់រវាងសនិងខ្មៅ គុណនិងទោស ល្អនិងអាក្រក់ជាដើម ទើបដល់ថ្នាក់ហ៊ានលះបង់គ្រួសារ ប្រពន្ធកូន និងថែមទាំងមើលឃើញអ្នកដទៃដែលមិនយល់ដូចពួកខ្លួនថាជាជនឈាមឆ្កែ ឬដល់ថ្នាក់ហ៊ានហៅព្រះសង្ឃខ្លះថា “អាចោរថង់យាម” ជាដើម។

បន្ទាប់ពីឃ្លា “មកពីមិនយល់សម្ព័ន្ធ” ចេះតែចែកចាយបន្តពីមួយទៅមួយៗ ឥឡូវនេះមានមនុស្សជាច្រើននាំគ្នាស្តាប់ហើយសើចលេង ចំអែលចំអន់គ្នា ឬបង្អាប់គ្នាលេងនៅពេលដែលបុគ្គលណាមួយនោះធ្វើរឿងមិនសមរម្យ គ្មានហេតុផល គួរឱ្យអស់សំណើច គួរឱ្យហួសចិត្ត មិនយល់សាច់ការ ឬធ្វើការមិនបានល្អ ជាដើម ហើយវាបានរាលដាលស្ទើរតែពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្ននេះ ឃើញថាឱ្យតែមានបុគ្គលណា មិនថាក្នុងចំណោមមិត្តភក្តិធម្មតា មន្ត្រីរាជការ បុគ្គលិករដ្ឋ បុគ្គលិកអង្គការ បុគ្គលិកឯកជន សិស្សានុសិស្ស និស្សិត គ្រូបង្រៀន អ្នករត់កង់បី អាជីវករ តារាៗ ផលិតករភាពយន្ត ក្មេងរើសអេតចាយ សន្តិសុខ ឬបុគ្គលិកអនាម័យនោះទេ គឺសុទ្ធតែចេះប្រើឃ្លាថា “មកពីមិនយល់សម្ព័ន្ធ” នេះទាំងអស់។

ការនិយាយឃ្លាថា “មកពីមិនយល់សម្ព័ន្ធ” របស់ពួកគេនេះ គឺភាគច្រើនក្នុងគោលបំណងបន្ទោសបង្អាប់ ឬជាការហួសចិត្តចំពោះទង្វើឬសកម្មភាពរបស់បុគ្គលណាម្នាក់ ដែលធ្វើកិច្ចការមិនបានល្អ ឬមិនសមរម្យ ពោលគឺការនិយាយឃ្លានេះ ទៅកាន់នរណាម្នាក់ គឺទំនងសុទ្ធតែក្នុងន័យចំអែលចំអន់ បន្ទោសបង្អាប់ និងស្តីបន្ទោសនោះឯង មិនមែនមានន័យថាគេចង់សរសើរឬឱ្យតម្លៃទៅលើបុគ្គលណាម្នាក់នោះឡើយ ដូច្នេះសូមកុំអរនិងមានមោទនភាពថាជាភាពល្បីល្បាញអី។

ប្រភព: tikrongposts