ផ្សាយចេញ ៖ 07-Jul-2017 08:52 am   3 months ago

​កាំជ្រួច​បាន​បំភ្លឺ​មេឃ​លើ​ប៉ម Juche របស់​ទីក្រុង​ព្យុងយ៉ាង ​ខណៈដែល​ប្រទេស​កូរ៉េខាងជើង ​បាន​អបអរ​ការបាញ់​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​របស់ខ្លួន​ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​អាវុធ​របស់ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​។​

ក្រោម​ការដឹកនាំ​បច្ចុប្បន្ន​របស់​មេដឹកនាំ​លោក​ គីម ​ជុង​អ៊ុន​ ដែល​ត្រូវជា​ចៅ​របស់លោក ​គីម ​អ៊ី​ល​ស៊ុ​ង ប្រទេស​ក្រីក្រ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គេ​មួយ​នេះ​គឺ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ឆ្ពោះទៅ​រកក្តី​សុ​បិ​ន្ត​របស់ខ្លួន​ក្នុងការ​បង្កើត​មី​ស៊ី​ល ​ដែល​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​អាមេរិក​។​

កាលពី​ថ្ងៃ​អង្គារ ក្នុងអំឡុងពេល​ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក កូរ៉េខាងជើង​ បាន​បាញ់​រ៉ុ​ក​កែ​ត Hwasong-14 មួយ​គ្រាប់​ដែល​ក្រុមអ្នកវិភាគ​ និង​មន្ត្រី​បរទេស​បាន​និយាយថា មាន​ចម្ងាយ​រហូតដល់​៨,០០០​គីឡូម៉ែត្រ​ដែល​នឹង​ឈានទៅដល់​រដ្ឋ​អា​ឡា​ស្កា​ និង​ហា​វ៉ៃ​។​

លោក​គីម​ ដែល​មើល​ការបាញ់​ដោយផ្ទាល់​បាន​ពិពណ៌នា​ថា​វា​ជា​កាដូ​ដល់ “​អាមេរិក​” ។​ មន្ត្រី​ទាហាន​ និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​ នៅ​រដ្ឋធានី​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​រីករាយ​។​ បដា​មួយ​នៅ​ទីលាន​គីម​អ៊ី​ល​ស៊ុ​ង​ បានសរសេរថា “​យើង​អបអរសាទរ​យ៉ាង​ចំពោះ​ជោគជ័យ​នៃ​ការបាញ់​បង្ហោះ​មី​ស៊ី​ល​អន្តរទ្វីប​ដ៏​អស្ចារ្យ​បំផុត​ នៅក្នុង​ប្រវត្តិសាស្ត្រ​សាធារណរដ្ឋ​របស់​យើង​”​។​

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា អ្នកចូលរួម​ក៏​រួមមាន​លោក Kim Yong-Nam ដែល ជា​ប្រមុខរដ្ឋ​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ Hwang Pyong-So ផងដែរ​។​

ប្រដាប់​បំពង​សំឡេង​បាន​បន្លឺឡើង​ថា “​ប្រសិនបើ​ចក្រពត្តិនិយម​អាមេរិក​ធ្វើការ​ញុះញង់​យោធា​សូម្បីតែ​តិចតួច​ប្រឆាំងនឹង​កូរ៉េខាងជើង​នោះ កងទ័ព​របស់​កូរ៉េខាងជើង​នឹង​បង្ហាញ​ដល់​ពិភពលោក​ថា​តើ​ទឹកដី​សហរដ្ឋអាមេរិក​នឹងត្រូវ​ក្លាយទៅជា​ផេះ​ដោយ​របៀប​ណា​”​។​

ប្រទេស​កូរ៉េខាងជើង ​ដែល​និយាយថា​ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​ការពារ​ខ្លួន​ប្រឆាំងនឹង​ការគំរាមកំហែង​នៃ​ការឈ្លានពាន​នោះ​គឺ​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​កម្មវិធី​អាវុធ​របស់ខ្លួន​ ហើយ​ការបាញ់​នេះ​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស ​និង​កំហឹង​ជាថ្មី​ពី​សហរដ្ឋអាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​៕ AFP
ប្រភព៖kampucheathmey