ផ្សាយចេញ ៖ 08-Jul-2017 03:30 am   3 months ago

ឪពុកម្តាយ នាងធីសុវណ្ណថា បានប្រកាសជាសាធារណៈ ក្រោយពេលកូនស្រីខ្លួនបានធ្វើរឿងអាម៉ាស់ខ្លាំងពេក នៅក្នុងសង្គម។ ដោយហេតុតែខ្មាសនឹងទង្វើរកូនស្រីខ្លួន ដែលប្រែក្លាយពីក្មេងស្រីដែលតស៊ូនឹងនយោបាយ រួចហើយ ប្រលងមិនជាប់ ហើយចុងក្រោយនោះ គឺធ្វើឲ្យចលាចលក្នុងសង្គម ដោយប្តឹងឥតល្ហែ លើគ្រប់បុគ្គលដែលប៉ះពាល់សម្តីដល់នាង។

ការពិតទៅ បំណងរបស់ពួកគាត់មិនមែនឲ្យកូនស្រី ដើរធ្វើចលាចលពេញប្រទេសនោះទេ គឺចង់ឃើញកូនស្រីតស៊ូដើម្បីជាតិ។ ដោយហេតុតែការនិយាយមិនស្តាប់ ប្រាប់មិនឮនេះ ទើបធ្វើឲ្យ ឪពុកម្តាយ ត្រូវកាត់ចិត្ត កាត់កាលកូនចោលដោយហេតុថា នាងធី សុវណ្ណថា អាចនាំទុក្ខដល់បងប្អូនដទៃទៀតបាន។

ខាងក្រោមនេះ ជាប្រវត្តិសង្ខេបរបស់នាង ធី សុវណ្ណថា៖

ផ្ទះ​ចាក់​បេតុង​ទំហំ​ប្រមាណ​៣​គុណ​នឹង​៤​ម៉ែត្រ​ដ៏កញ្ចាស់​មួយ​ដែល​មើល​ទៅ​មាន​ស្ថានភាព​បាក់បែក​ជា​អន្លើ ទ្វារ​ឈើ​កាន់តែ​ទ្រុឌទ្រោម ស្ថិត​នៅក្នុង​ប្លុក​ផ្សារត្រី​នៃ​ផ្សារ​ក្រុងសួង ខេត្ត​ត្បូងឃ្មុំ (​ពី​មុន​ខេត្ត​កំពង់ចាម) ត្រូវ​បាន​បុរស​ម្នាក់ រួម​ជាមួយ​នឹង​អ្នក​លក់ដូរ​មួយ​ចំនួន​ទៀត​បាន​ធ្វើការ​អះអាង​ថា ផ្ទះ​ដ៏តូច​ចង្អៀត​មួយ​នោះ​ហើយ​ជា​កន្លែង​ដែល​តារា​នយោបាយ​រះថ្មី នាង ធី សុវណ្ណថា បាន​ចាប់កំណើត។

កំពុង​អង្គុយ​ធ្វើ​គ្រឿងអលង្ការ​កាឡៃ ដែល​មាន​ជញ្ជាំង​ជាប់ៗ​គ្នា​នឹង​អតីត​ផ្ទះ​របស់ ធី សុវណ្ណថា បុរស​សម្បុរ​ស្រគាំ​ម្នាក់​ឈ្មោះ រ៉េត សុខម៉េង ដែល​គេ​គ្រប់​គ្នា​ដឹងថា​ជា​ពូបង្កើត​របស់ ធី សុវណ្ណថា បាន​និយាយ​ទាំង​អារម្មណ៍​ភ្ញាក់ផ្អើល​នៅពេល ភ្នំពេញ ប៉ុស្តិ៍ សុំ​ធ្វើ​បទសម្ភាស​ភ្លាមៗ​ថា៖​«​ផ្ទះ​នេះ​ជា​កន្លែង​ដែល សុវណ្ណថា បាន​កើត ព្រោះ​កាលពី​មុន​ឪពុកម្តាយ​របស់​នាង​ជា​អ្នក​រកស៊ី​លក់ដូរ​គ្រឿងមាស គ្រឿងប្រាក់ ប្លាទីន និង​ប្តូរលុយ​នៅ​ទីនេះ​»។

សហ​ការី ធី សុវណ្ណថា (ក្មេង​ស្រី​សក់​ខ្លីតូច​ជាង​គេ​) កាល​ពី​នៅ​ក្មេង​។​ សហ​ការី តាម​លោក រ៉េត សុខម៉េង និង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា ពី​មុន​គ្រួសារ​របស់ ធី សុវណ្ណថា មាន​ផ្ទះ​ពីរ​កន្លែង​ស្ថិត​នៅក្នុង​ភូមិ​សួង​លិច ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​(​បច្ចុប្បន្ន​ក្រុង​សួង ខេត្ត​ត្បូង​ឃ្មុំ)។

លោក សុខម៉េង បន្ត​ថា៖​«​តាមពិត​គាត់​មាន​ផ្ទះ​ពីរ។ នៅ​ក្រៅ​ផ្សារ​គាត់​មាន​ផ្ទះឈើ​មួយ​ល្វែង​(​ទំហំ​៥​គុណ​១៨) ប៉ុន្តែ​នៅពេល​នេះ​លក់​ឲ្យ​គេ គេ​ធ្វើ​ផ្ទះ​ថ្ម​បាត់​ទៅ​ហើយ ហើយ​ផ្ទះ​មួយ​នេះ បងស្រី​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង តែ​បាន​ដាក់​ជួល​ឲ្យ​គេ​»។

ទោះបី​ជា​ទាំង​គ្រួសារ ធី សុវណ្ណថា និង​អ្នក​ផ្សារ​មួយ​ចំនួន​អះអាង​ថា ធី សុវណ្ណថា ពិតជា​មាន​កំណើត​នៅ​ទឹកដី​ផ្សារ​សួង​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំ រួម​ទាំង​មន្ត្រី​ប៉ូលិស​នៅ​ក្រុង​សួង​ហាក់​មិន​បាន​ដឹង​រឿង​នោះ​ទេ។

លោក សុខ ឈាន អធិការ​ស្តីទី​ក្រុង​សួង បាន​និយាយ​ថា៖​«​ទេ​ចំពោះ​ប្រវត្តិ​ក្មេងស្រី និង​គ្រួសារ​គេ ខ្ញុំ​ដូចជា​មិន​ដឹង​ទេ ហើយ​ខ្ញុំ​ក៏​បាន​បោះដៃ​សួរ​គ្រប់កន្លែង​ដែរ ប៉ុន្តែ​ដូចជា​គ្មាន​អ្នក​ណា​ដឹង​»។

ទោះ​យ៉ាងណា លោក​អធិការរង រួម​ជាមួយ​នឹង​មេភូមិ​ទាំង​១៥​រូប​ស្ថិត​នៅក្នុង​សង្កាត់​សួង ព្រម​ទាំង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បាត់​ព័ត៌មាន​ពី​គ្រួសារ​មួយ​នេះ ទំនង​ដោយសារ​តែ​គ្រួសារ​ពួកគេ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់នៅ​ភ្នំពេញ​យូរ​ឆ្នាំ​ពេក ស្រប​ពេល​អាជ្ញាធរ​គ្រប់គ្រង​ខេត្ត​បាន​ផ្លាស់ប្តូរ​តំណែង​ជា​បន្តបន្ទាប់។

លោក រ៉េត សុខម៉េង បាន​និយាយ​ថា៖​«​បើ​តាម​ខ្ញុំ​ចាំ​គឺ​បងស្រី​ខ្ញុំ សុគុណ និង​គ្រួសារ​គាត់​បាន​លក់​ផ្ទះ​សម្បែង និង​បាន​ចាកចេញ​ពី​សួង​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ នៅពេល​នោះ សុវណ្ណថា ទើប​តែ​មាន​អាយុ​៧-៨ ឆ្នាំ​ប៉ុណ្ណឹង»។ នៅក្នុង​អំឡុង​ពេល​រស់នៅ​ក្រុង​សួង​លោក សុខម៉េង បាន​កត់សម្គាល់​ឃើញ​ថា កុមារី ធី សុវណ្ណថា ដែល​ពេល​នេះ​មាន​អាយុ​១៩​ឆ្នាំ ហើយ​នោះ គឺជា​ក្មេង​វៃឆ្លាត តែ​ច្រឡឺម ហើយ​គេ​ជា​ក្មេង​ដែល​ចង់​ដឹង ចង់​ឮ ប៉ិន​ឆ្ងល់ និង​ពូកែ​សួរ​នាំ​ច្រើន។

ជាមួយ​គ្នា​នោះ ក្មេងស្រី​ដែល​មាន​ចរិត​ក្លាហាន​តាំងពី​តូច​នាង ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ឪពុកម្តាយ​នាង​មាន​បងប្អូន ពិសេស​យាយ​តា​នៅ​ភ្នំពេញ​ច្រើន ដូច្នេះ​ឪពុក​ម្តាយ​នាង​ក៏​បោះបង់​អាជីព​ជា​អ្នក​លក់​ប្លាទីន មាស ប្រាក់ ហើយ​សម្រេច​ចិត្ត​វេចសម្ពាយ​មក​ស្វែងរក​របរ​ថ្មី​នៅ​ភ្នំពេញ ក្នុង​នាម​ជា​ជាង​ដេរ បោះដុំ​សម្លៀកបំពាក់ និង​ផ្គត់ផ្គង់​អំបោះ​សម្រាប់​រោងចក្រ​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​។

សព្វថ្ងៃ​នេះ គ្រួសារ​របស់ ធី សុវណ្ណថា បាន​ផ្លាស់ប្តូរ​ជីវភាព​កាន់តែ​ប្រសើរ​ជាមួយ​នឹង​ផ្ទះ​វីឡា​ល្វែង​មួយ​កន្លែង​មាន​៤​ជាន់ មាន​ដីឡូត៍​ធំ​គួរសម​ស្ថិត​នៅ​ផ្ទះ​លេខ​២៧០ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ភ្នំពេញ។ ផ្ទះ​របស់​អ្នក​នយោបាយ​វ័យក្មេង​រូប​នេះ មាន​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​២​គ្រឿង​។ រថយន្ត​ឡិចស៊ីស ៣៣០ និង​រថយន្ត​ដឹក​អីវ៉ាន់​មួយ​គ្រឿង ។

ធី សុវណ្ណថា មាន​ឪពុក​ឈ្មោះ រុំ សុទ្ធី អាយុ​៥០​ឆ្នាំ និង​ម្តាយ​ឈ្មោះ រ៉េត សុគុណ អាយុ ​៤៨​ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​ជា​អ្នក​កំពង់ចាម​ដូច​គ្នា​។ សុវណ្ណថា មាន​បងប្អូន​៤​នាក់ ប្រុស​៣​នាក់ ស្រី​តែ​រូបនាង​ម្នាក់​ជា​កូន​ច្បង​គេ ហើយ​រូបនាង និង​ប្អូនប្រុស​ម្នាក់​ទៀត​កើត​នៅ​សួង និង​ប្អូនប្រុស​ពីរ​នាក់​ទៀត​កើត​នៅ​ភ្នំពេញ​។ សព្វថ្ងៃ​នាង​រៀន​ថ្នាក់​ទី​១២ នៅ​សាលាឯកជន Cambodia Aventist។

សុវណ្ណថា បាន​បញ្ជាក់​ថា៖​«​បងប្អូន​សាច់ញាតិ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ភាគច្រើន​ជា​អ្នក​រកស៊ី ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ជាប់​សែស្រឡាយ​ជា​អ្នក​នយោបាយ​នោះ​ទេ»។

ស្ងាត់ៗ​ស្រាប់តែ​ក្មេង​ស្រី​ស្រស់​សោភា​ដែល​កើត​ជា​នៅក្នុង​គ្រួសារ​អ្នក​រកស៊ី​ធម្មតា​នាង ធី សុវណ្ណថា បាន​លេច​មុខ​ខ្ពស់​ត្រដែត​នៅក្នុង​ឆាក​នយោបាយ​កាលពី​ឆ្នាំ​២០១៣ ដែល​នាំឲ្យ​មហាជន​យល់ច្រឡំ​ថា តារា​នយោបាយ​ស្រី​វ័យក្មេង​រូប​នេះ​ជា​កូនស្រី​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ។

នាង ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ នាង​គ្រាន់តែ​ជា​អ្នក​គាំទ្រ​ផ្នែក​នយោបាយ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​នាង​បាន​សុំ​ឪពុកម្តាយ​ដើម្បី​ចូល​ខ្លួន​ក្នុង​ការ​ប្រឆាំង​តវ៉ា​ផ្សេងៗ រហូត​នាង​បាន​ក្លាយ​ជា​យុវជន​ឆ្នើម​ម្នាក់​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​ហូរហែ​។

យុវតី​វ័យ​១៩​ឆ្នាំ ដែល​ហ៊ាន​ប្រឈម​មុខ​រិះគន់​មិន​សំចៃ​មាត់​ចំៗ​លើ​រដ្ឋាភិបាល​រូប​នេះ​និយាយ​ថា៖​«​ខ្ញុំ​ចូល​នយោបាយ​នេះ ព្រោះ​ខ្ញុំ​មើល​ឃើញ​នូវ​ភាព​អយុត្តិធម៌​ជាច្រើន​បាន​កើតឡើង​ក្នុង​សង្គម​ដូចជា វិបត្តិ​ដីធ្លី អំពើ​ពុករលួយ​គ្រប់​រូបភាព ការ​និយមបក្ខពួក បញ្ហា​ផ្នែក​ផ្លូវច្បាប់ ពិសេស​នោះ​គឺ​លំហូរ​ចូល​នៃ​អន្តោប្រវេសន៍​យួន​ជាដើម​។ ខ្ញុំ​តែង​គិត​ថា បើសិន​គ្រប់​គ្នា​នៅ​តែ​ខ្លាច​បន្ត​ទៀត នោះ​សង្គម​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ក្រោកឈរ​ឡើង ដើម្បី​ជា​ស្មារតី​ឲ្យ​យុវជន​យើង​ទាំងអស់​ហ៊ាន​ប្រឆាំង​នឹង​ភាព​អសកម្ម​ក្នុង​សង្គម​»។

នាង ធី សុវណ្ណថា ឈរ​នៅ​លើ​ដំបូល​រថ​យន្ត​ឡិចស៊ីស ៣៣០ លើ​កទង់​បក្ស​សង្គ្រោះ​ជាតិពេល​​លោក សម រង្ស៊ី ចូល​ស្រុក​ឆ្នាំ​២០១៣។​ ហុង មិនា នាង​បញ្ជាក់​ថា៖​«​ខ្ញុំ​ធ្លាប់​ទទួល​រង​ការ​គំរាម​គ្រប់​រូបភាព​ពី​បក្សប្រជាជន និង​ជន​មិន​ស្គាល់​មុខ តែ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ទៅ​មុខ ដើម្បី​ប្រទេស​ជាតិ​»។

ក្រោយ​ការ​ចុះ​អង្កេត​ដល់​ទីកន្លែង​ស្នាក់នៅ​របស់​ក្រុម​សាច់ញាតិ​របស់ ធី សុវណ្ណថា ជា​លទ្ធផល​បាន​ឲ្យ​ដឹង​ថា មិនមែន​តែ ធី សុវណ្ណថា តែ​ម្នាក់​នោះ​ទេ ដែល​គាំទ្រ​ចលនា​បក្ស​សង្គ្រោះជាតិ ហើយ​ហ៊ាន​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ តាមពិត​ក្នុង​ចង្កោម​សាច់ញាតិ​របស់​នាង​ភាគច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​របស់​បក្ស​សង្គ្រោះជាតិ ហើយ​ពួកគេ​ក៏​បាន​រួមចំណែក​ជា​ថវិកា និង​របស់របរ​ផ្សេងៗ​ជួយ​បក្ស​សង្គ្រោះជាតិ​ដែរ។

សូម្បីតែ​លោកតា​លោកយាយ​របស់ ធី សុវណ្ណថា ដែល​កំពុង​រស់នៅ​ផ្ទះ​ទំនើប​ក្នុង​បុរី​ប៉េង ហួត ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ ធី សុវណ្ណថា ចេញ​មុខ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែរ ដើម្បី​សង្គម​មាន​ការ​ផ្លាស់ប្តូរ​។

ស្ថិត​ក្នុង​វ័យ ៤៨​ឆ្នាំ អ្នកស្រី រ៉េត សុគុណ ដែល​មមាញឹក​នឹង​របររកស៊ី​បោះដុំ​ក្រណាត់ និង​អំបោះ ត្រូវ​ជា​ម្តាយ​បង្កើត​របស់ ធី សុវណ្ណថា បាន​និយាយ​ទាំង​ទឹក​មុខ​មុតមាំ​ថា អ្នកស្រី​គ្រាន់តែ​ជា​អ្នក​គាំទ្រ​ម្នាក់ ហើយ​ក៏​បាន​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នានា​ផង​ដែរ តែ​មាន​តែ​កូនស្រី​របស់​អ្នកស្រី​ម្នាក់​គត់​បាន​ចូលរួម​ជោគជាំ​ក្នុង​ឆាក​នយោបាយ។

អ្នកស្រី រ៉េត សុគុណ និយាយ​ថា៖​«​ខ្ញុំ​មាន​តែ​កូនស្រី​ម្នាក់​គត់ ពេល​កូនស្រី​ធ្វើ​នយោបាយ​បែប​នេះ ខ្ញុំ​ក៏​ព្រួយបារម្ភ ខ្លាច​កូនស្រី​មាន​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​កូន​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ខ្ញុំ​ថា បើ​យើង​មិន​ក្រោក​ឈរ​ទេ ប្រទេស​យើង​គ្មាន​ការ​រីកចម្រើន​ទេ»។

អ្នកស្រី​ពន្យល់​ថា៖​«​វា​ប្រៀប​បាន​នឹង​ក្របី ដែល​តោ​ប្រុង​ខាំ​ត្របាក់​អ៊ីចឹង បើ​ក្របី​នោះ​កំពុង​ត្រូវ​តោ​ព្យាយាម​ខាំស៊ី​ហើយ បើ​ក្របី​មួយ​ទៀត​ចូល​ជួយ​នោះ តោ​នឹង​ខ្លាច​រត់​មិន​ខាន​»។

អ្នកស្រី​បញ្ជាក់​ថា៖​«​លោក សម រង្ស៊ី ជា​វីរបុរស​របស់​ខ្ញុំ គាត់​តស៊ូ គាត់​ត្រូវ​គេ​ប៉ុនប៉ង​ជីវិត​ជាច្រើន​លើក តែ​គាត់​ប្រឹង​ដើម្បី​ជាតិ ហើយ​ខ្ញុំ​ចង់​ឲ្យ​កូនស្រី​ខ្ញុំ​ធ្វើ​ដូចជា​លោកស្រី មូរ សុខហួរ»។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា៖​«​ខ្ញុំ​លះបង់​ទ្រព្យ​អស់​ជាច្រើន ដើម្បី​ជាតិ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ខ្ញុំ​មិន​បោះបង់​ការ​គាំទ្រ​នេះ​ដែរ​»។

ជាមួយ​គ្នា​នោះ លោក រុំ សុទ្ធី ដែល​ជា​ឪពុក​បង្កើត​របស់ ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា គ្រួសារ​លោក​មួយ​ពូជ បាន​គាំទ្រ​ចលនា​បក្ស​សង្គ្រោះជាតិ ហើយ​លោក​បាន​លះបង់​ទ្រព្យសម្បត្តិ​ជាច្រើន​ម៉ឺន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១​ឆ្នាំ​កន្លងមក​នេះ។

លោក​និយាយ​ថា៖​«​កូនស្រី​ខ្ញុំ​គេ​មាន​ឆន្ទៈ​ស្រាប់ ហើយ​ខ្ញុំ​បាន​ជួយ​គេ​ពី​ក្រោយ ខ្ញុំ​បាន​ទិញ​រថយន្ត​ឡិចស៊ីស ៣៣០ ឲ្យ​គេ​ជិះ​សម្រាប់​ទៅ​រៀន និង​ធ្វើ​ការងារ​នេះ ខ្ញុំ​បាន​ផ្តល់​ប្រាក់​ឲ្យ​គេ​ពេល​ចុះ​ធ្វើ​សកម្មភាព​ផ្សេងៗ ហើយ​ខ្ញុំ​បាន​ជួយ​ឧបត្ថម្ភ​នានា​កន្លងមក​ទាំង​ការ​តវ៉ាប្រឆាំង ការ​ទិញ​សម្ភារ ម្ហូបអាហារ​ជាដើម អស់​មិន​តិច​នោះ​ទេ​»។

លោក សុទ្ធី បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​ខ្លាច​ការ​គំរាម​ទេ កើត​មក​ជីវិត​មាន​តែ​មួយ​ដូច​គ្នា ខ្ញុំ​ធ្វើអ្វីៗ​ដើម្បី​ជាតិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា នៅពេល​នេះ​សន្ទុះ​ប្រជាជន​កាន់តែ​ខ្លាំង គេ​នឹង​ក្រោកឈរ​ការពារ​គ្នា»។

លោក​បាន​បន្ថែម​ថា៖​«​ការ​ផ្តល់​លទ្ធភាព​ឲ្យ​កូនស្រី​ចូលរួម​បក្ស​នយោបាយ​នេះ មិនមែន​ខ្ញុំ​សម្លឹង​ឃើញ​តំណែង​តួនាទី ឬ​ដើម្បី​កិបកេង​អ្វី​នោះ​ទេ ការ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​របស់​ខ្ញុំ គឺ​ដើម្បី​ជាតិ​មាន​ការ​ផ្លាស់ប្តូរ​តែ​មួយ​មុខ​គត់​»។

ទោះបីជា​មួយ​ពូជ​នៃ​គ្រួសារ​គាំទ្រ​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ ធី សុវណ្ណថា បញ្ជាក់​ថា៖​«​សម្រាប់​ខ្ញុំ និង​គ្រួសារ មិនមែន​គាំទ្រ​ផ្កាប់មុខ​នោះ​ទេ បើ​ពួកគាត់​ធ្វើការ​បម្រើ​ជាតិ​បាន​ល្អ យើង​នឹង​បន្ត​គាំទ្រ តែ​បើ​គាត់​មាន​ចំណុច​អាក្រក់ យើង​នឹង​តវ៉ា​ភ្លាម​»៕

 

ប្រភព: golove