ផ្សាយចេញ ៖ 16-Aug-2017 06:07 am   1 month ago

រាល់ពេល​រសៀល​យុវវ័យ​ដែល​ជិះ​ឆ្លងកាត់​ផ្លូវ​មុ​នី្ន​រ៉េត ហួស​ស្ពាន​ស្ទឹងមានជ័យ ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី សុទ្ធតែ​ធ្លាប់​ស្រង់ក្លិន​ដ៏​ឈ្ងុយ បក់​តាម​ខ្យល់​មក​ប៉ះ​ នឹង​ច្រមុះ​គេ​មិន​ខាន។ លុះ​គេ​តម្រង់​ទៅរក​ប្រភព​នៃ​ក្លិន​នោះ ដែល​ស្ថិតនៅ​ខាងស្ដាំ​ដៃ មុននឹង​ឆ្លង​ផ្សារ គេ​នឹង​ប្រទះឃើញ​ រទេះ​មួយ ផ្ទុក​ដោយ​ចង្រិត កន្តេះឡង់ កំពឹស និង​ដឹកដឿ ក្បែរ​ឆ្នាំងខ្ទះ​បំពង​ហុយផ្សែងព្រុយៗ ដាក់​តម្រៀប​បន្តកន្ទុយ​គ្នា​មិន​ខាន។ ទាំង​ម៉ូតូ ទាំង​ឡាន​បន្ត​គ្នា​ចាំ​ទិញ​ចង្រិត​បំពង​ទាំងនេះ​ពុំ​សូវ​ដាច់ រហូត​ធ្វើឱ្យ​អ្នកលក់ដូរ​មួយរូប ដែល​លេចធ្លោ​ជាងគេ​រកប្រាក់ ​ចំណេញ​បាន​ស្ទើរតែ ​ពុំគួរ​ឱ្យ​ជឿ នោះ​គឺ 15 ទៅ 20ម៉ឺន​រៀល ក្នុង​មួយថ្ងៃ។

លោក សយ វណ្ណា អាយុ 40ឆ្នាំ ដែលជា​អ្នកលក់​ចង្រិត​បំពង​ដ៏​លេចធ្លោ​នោះ ឱ្យដឹងថា មុននឹង​មក​លក់​ចង្រិត​បំពង​ក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​នេះ លោក​គ្រាន់តែ​ជា​អ្នកធ្វើ​ស្រែចម្ការ​ម្នាក់​នៅ​ខេត្តព្រៃវែង​តែប៉ុណ្ណោះ។ ដោយសារតែ​ការធ្វើ​ស្រែចម្ការ​មិនសូវ​បាន​ផល​ច្រើន លោក​ក៏​បានមក​ប្រកប ​របរ​លក់​ចង្រិត​នៅ​ទីក្រុង​ភ្នំពេញ ខណៈដែល​លោក​សម្លឹង​ឃើញ​យុវវ័យ​ចូលចិត្ត​ចង្រិត​បំពង​នេះ​ខ្លាំង​ផង ក៏​សម្រេចចិត្ត​បើក​អាជីវកម្ម​មួយ​នេះ ដោយមាន​រទេះ បំពាក់​ដោយ​ខ្ទះ​បំពង​ចង្រិត កន្តេះឡង់ និង​កំពឹស​ផងដែរ។

បើ​គិត​មកដល់ពេលនេះ លោក វណ្ណា លក់​ចង្រិត​បំពង​នេះ​បាន​ជាង 5ឆ្នាំ​មកហើយ។ ថ្វីត្បិតតែ​មុខរបរ​នេះ​មើលទៅ​ដូចជា​តូចតាច​មែន តែ​លោ​កថា លោក​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ល្មម​ដែរ។ ក្នុង​មួយថ្ងៃ លោក​ត្រូវ​ចំណាយលុយ​ប្រមាណ​ជាង 60ម៉ឺន​រៀល ដើម្បី​ទិញ​ចង្រិត កំពឹស ដឹកដឿ កន្តេះឡង់ និង​គ្រឿង​ផ្សេងទៀត​ពី ខេត្តកំពង់ធំ រួមទាំង​ប្រេងឆា​ជាដើម។

ក្នុងមួយថ្ងៃៗ បុរស​រូបនេះ​លក់បាន​ប្រហែល​ជិត 50ដុល្លារ ឬ​ច្រើនជាង​នេះ ទៅតាម​ថ្ងៃ​ដែល​លក់ដាច់។ ចង្រិត​បំពង​គឺ​លក់ដាច់​ជាងគេ ក្នុងចំណោម​អាហារ​ទាំងនោះ ដោយ​ក្នុង​មួយថ្ងៃ គ្រាន់តែ​ចង្រិត​មួយ​មុខ​លក់​អស់​ជិត 10គីឡូក្រាម ហើយ​ចង្រិត​មួយ​កំប៉ុង​មានតម្លៃ 4.000រៀល។

 ​

រៀងរាល់ថ្ងៃ លោក​វណ្ណា និង​ភរិយា​ត្រូវ​រវល់​តាំងពី​ម៉ោង 7ព្រឹក ដើម្បី​ផ្សំ​គ្រឿង និង​រៀបចំ​ឥ​វ៉ាន់​ត្រៀម​យកមក​លក់ សឹងតែ​រក​ពេលទំនេរ​សម្រាប់ ​ហូបបាយ​គ្មាន ដោយ​ចាប់​លក់​ពី​ម៉ោង 3កន្លះ រហូតដល់​ម៉ោង 11យប់​ឯណោះ។ មិនមែន​មានតែ​គាត់ និង​ភរិយា​ទេ ដែល​លក់​នោះ ក៏មាន​ជំនួយ​ពី​កូន ប្រុស​ពីរ​នាក់​ទៀត​មកជួយ បើ​ពុំ​នោះទេ គឺ​ពុំ​អាច​លក់​ទាន់​ឡើយ។

ចំណែក​ទាក់ទង​នឹង​តម្លៃ​វិញ​ក្នុង​មុខទំនិញនីមួយៗ រួមមាន កន្តេះឡង់​ឌុ​ក​ដឿ 8.000រៀល ក្នុង​មួយ​កំប៉ុង កំ​ពិស​ចង្រិត​តម្លៃ 4.000រៀល ក្នុង​មួយ​កំប៉ុង​កន្ទាទូក 10តម្លៃ 12.000រៀល និង​ចង្រិត​មួយ​កំប៉ុង​តម្លៃ 4.000រៀល ហើយ​ពេលខ្លះ​អាច​លក់​ចន្លោះ​ពី 2.500ទៅ 4.000រៀល វា​អាស្រ័យ​លើ​ខែ​ដែល​សំបូរ​ចង្រិត ឬ​អត់៕