ផ្សាយចេញ ៖ 11-Jan-2017 11:29 am   2 weeks ago

អាមេរិក៖ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្ម័គ្រខ្លួនធ្វើជាអ្នកកំដរ នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ ក្នុងរដ្ឋរដ្ឋផ្លរីដា ដែលជាអាពាហ៍ពិពាហ៍បុគ្គលិករបស់លោកមួយរូប ដែលបានធ្វើការយូរឆ្នាំមកហើយ និងជាដៃគូលេងវាយកូនហ្គោលជាមួយគ្នាញឹកញាប់ទៀតផង។

សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះថា លោក អូបាម៉ា បានមកដល់ព្រលានយន្តហោះអន្តរជាតិ Jacksonville កាលពីថ្ងៃសៅរ៍ ដើម្បីទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍លោក Marvin Nicholson ដែលជានាយកផ្នែកដំណើរទស្សនកិច្ច នៅសេតវិមាន និងជាជំនួយការផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ផងដែរ ។

លោក Marvin Nicholson និងកូនក្រមុំរបស់លោកឈ្មោះ Helen Pajcic បានរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈឯកជនរបស់ពួកគេនៅឯសណ្ឋាគារ One Ocean Resort and Spa ដែលស្ថិតក្នុងទីក្រុង Jacksonville នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ដោយស្ថិតក្នុងឱកាសដ៏ពិសេសបែបនេះ លោក អូបាម៉ា បានពាក់ឈុតរាត្រី ពណ៌ខ្មៅដ៏ស្រស់សង្ហារ ហើយជាបុរសតែម្នាក់គត់ដែលពាក់ក្រវាត់.ក វែង ពណ៌ខ្មៅ ខណៈអ្នកកំដរផ្សេងទៀត រួមទាំងលោកចន ឃើរី ពាក់បូ ពណ៌ខ្មៅ។

ប្តីប្រពន្ធមួយគូរនេះ ក៏ធ្លាប់ធ្វើការនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីលោកអូបាម៉ា កាលពីឆ្នាំ២០០៨ ។ ខណៈកូនក្រមុំ នាង Helen Pajcic គឺជាកូនស្រីបុគ្គលិកមួយរបស់លោក អូបាម៉ា ក្នុងផ្នែករៃអង្គាសមូលនិធិផងដែរ។

គួរបញ្ជាក់ថា លោក អូបាម៉ា បានលេងវាយកូនហ្គោល ចំនួន ៣៣៣ដង ចាប់តាំងពីពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតី ហើយកូនចៅរបស់លោក គឺលោក Marvin Nicholson បានចូលលេងជាមួយ លោក អូបាម៉ា ចំនួន ១៩២ដង ដែលធ្វើឲ្យគាត់ក្លាយជាដៃគូវាយកូនហ្គោលជាមួយគ្នាញឹកញាប់បំផុត។

បន្ទាប់ពីដំណើររយៈពេល១ថ្ងៃនេះត្រូវបានបញ្ចប់ លោកអូបាម៉ាត្រូវធ្វើដំណើរត្រឡប់ទៅកាន់វ៉ាស៊ីនតោនវិញ តាមរយៈយន្តហោះ Air Force One របស់ប្រធានាធិបតី។ ហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧នេះ លោកក៏បានធ្វើការថ្លែងសុន្ទរកថា “និយាយពាក្យលា” ជាលើកចុងក្រោយរបស់លោក មុនពេលបញ្ចប់តំណែងជាប្រធានាធិបតី នៅក្នុងទីក្រុងឈីកាហ្គោផងដែរ៕

ប្រភព: khmerload